Sunday, August 6, 2017

ស្របរឿងក្តី ញឹក ប៊ុនឆាយ ពលរដ្ឋក្នុងបណ្តាញសង្គម ទាមទារឲ្យស៊ើបអង្កេត ឈ្មួញគ្រឿងញៀន ម៉ុង ប្ញទ្ធី ២០ឆ្នាំមុន និង ហ៊ុន សែន ផង!




(អត្ថបទដោយ ម៉ែន ណាត /០៦ សីហា ២០១៧)
ញឹក ប៊ុនឆាយ អតីតទីប្រឹក្សារដ្ឋាភិបាល មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី និងអតីតមេទ័ពជាតិ មកពីបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ត្រូវបានចាប់ខ្លួន ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ «ក្រោមបទ​ចោទ​ប្រកាន់រឿងពាក់ព័ន្ធគ្រឿងញៀន ១០ ឆ្នាំមុន គឺនៅឆ្នាំ២០០៧ ជិតតំបន់គីរីរម្យ ខេត្តកំពង់ស្ពឺ»។ នៅថ្ងៃទី០៤ សីហា ក្រុមអាជ្ញាធរ បានទៅឆែកឆរ ដល់ផ្ទះលោក ញឹក ប៊ុនឆាយ។ នៅថ្ងៃទី០៥ សីហា លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថាអាជ្ញាធរ រកតម្រុយឃើញខ្លះហើយអំពីលោក ញឹក ប៊ុនឆាយ ពាក់ព័ន្ធរឿងគ្រឿងញៀននោះ។
បុព្វហេតុនៃការចាប់ខ្លួន លោក ញឹក ប៊ុនឆាយ បានកើតឡើងក្រោយពេល លោក បានហៅទូរស័ព្ទទៅ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រឆាំង នៅចុងខែ មិថុនា ឆ្នាំ២០១៧ គឺក្រោយការបោះឆ្នោតឃុំសង្កាត់។ ពេលនោះ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្តៅក្រហាយជាខ្លាំង ពេលដឹងថា លោក ញឹក ប៊ុនឆាយ មានទំនាក់ទំនង ជាមួយគណបក្សប្រឆាំង ដោយចាត់ទុកថា «ក្បត់»។ ប៉ុន្តែលោក ញឹក ប៊ុនឆាយ បានឆ្លើយតបទៅវិញថា «ទូរស័ព្ទច្រឡំលេខ»។ ទោះជាយ៉ាងណាក្តី លោក ហ៊ុន សែន ក៏បានដកហូតតួនាទីលោក ញឹក ប៊ុនឆាយ ពីទីប្រឹក្សារដ្ឋាភិបា រួមនឹងមន្ត្រីជិតស្និទ្ធជាង ១០ រូបទៀត។
ក្រុមបណ្តាញសង្គម និងអ្នកប្រឆាំង បានរំលឹកដល់ ឧកញ៉ា ម៉ុង ប្ញទ្ធី មេឈ្មួញគ្រឿងញៀន នៅឆ្នាំ១៩៩៧ ដែលត្រូវបានលោក ហូ សុខ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើការបកអាក្រាត តាមរយៈវីដេអូមួយ មុនពេលព្រឹត្តិការណ៍រដ្ឋប្រហារ ឆ្នាំ១៩៩៧។ លោក ហូ សុខ បានបញ្ជាក់ថា នាយករដ្ឋមន្រ្តីទី២ ហ៊ុន សែន គ្រានោះជាអ្នកការពារការរកស៊ីខុសច្បាប់ របស់លោក ម៉ុង ប្ញទ្ធី។ លោក ហ៊ុន សែន កាលនោះក៏បានសារភាពថា លោកបានលុយមកពីការលក់ «កញ្ឆា» ដើម្បីូរៀបចំផ្តួលរំលំ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ នាយករដ្ឋមន្រ្តីទី១ ។ ខ្សែវីដេអូឯកសារនេះ ត្រូវបានចែកចាយជាចំហ លើបណ្តាញសង្គមរួចហើយដែរ។ ចំពោះលោក ហូ សុខ វិញ ត្រូវបានសម្លាប់ ដោយកងកម្លាំង ដែលស្មោះត្រង់នឹងលោក ហ៊ុន សែន នៅក្រសួងមហាផ្ទៃ ក្នុងថ្ងៃរដ្ឋប្រហារ ឆ្នាំ១៩៩៧។
តាមរយៈរឿងក្តីគ្រឿងញៀន ដែលចោទប្រកាន់លោក ញឹក ប៊ុនឆាយ នេះ ធ្វើឲ្យពលរដ្ឋក្នុងបណ្តាញសង្គមទាមទារ ឲ្យរដ្ឋាភិបាល និង តុលាការ ត្រូវមានក្តីក្លាហាន ស៊ើបអង្កេតបទឧក្រិដ្ឋគ្រឿងញៀន របស់លោក ម៉ុង ប្ញទ្ធី កាលពី ២០ ឆ្នាំមុន ហើយត្រូវស៊ើបអង្កេតករណីលោក ហ៊ុន សែន ពាក់ព័ន្ធ «រឿងលក់កញ្ឆា» ផង៕

វីដេអូឯកសារ៖

Friday, August 4, 2017

កសាងស្មារតីយុវជនជំនាន់ថ្មី ដើម្បីការផ្លាស់ប្តូរ និងប្តូរមេដឹកនាំថ្មី!

(រូបថតពីឆ្វេង៖ ម៉ែន ណាត, អ៊ុុុំ សំអាន, ឆាំ ឆានី, ប៉ាង សុខឿន)

កសាងស្មារតីយុវជនជំនាន់ថ្មី ដើម្បីការផ្លាស់ប្តូរ និងប្តូរមេដឹកនាំថ្មី!អត្ថបទ ម៉ែន ណាត, 04.th/7/2017

មានបញ្ហាជាតិធំៗជាច្រើន នៅបន្តធ្វើឲ្យមានក្តីបារម្ភ ពីព្រោះតែរដ្ឋាភិបាលបច្ចុប្បន្ន មិនដែលហ៊ាន​ប្រឈមមុខដោះស្រាយជាវិជ្ជមានទេ ប៉ុន្តែពូកមន្រ្តីធំៗទាំងនោះ បែរជាយល់ច្រឡំថា ផលវិបាករបស់ជាតិ និងពលរដ្ឋ គឺជាដំណោះស្រាយប្រថុយប្រថានទៅវិញ។ ឧទាហរណ៍ដូចជា ៖
១. សន្ធិសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥ ជាមួយវៀតណាម ភាគីរដ្ឋាភិបាល ហ៊ុន សែន យល់ថាគឺការបញ្ចប់បញ្ហាព្រំដែន ខណៈពេលអ្នកជំនាញការផែនទី និងព្រំដែន ហើយនិងក្រុមសកម្មជន ប្រឆាំងជំទាស់ ព្រមទាំងក្រុមតំណាងរាស្រ្តបក្សប្រឆាំងផង ក៏័ប្រឆាំងជំទាស់ដែរ ពីព្រោះវាធ្វើឲ្យខ្មែរ បាត់បង់ទឹកដី ទៅវៀតណាម។ សន្ធិសញ្ញាថ្មីនោះ វាផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលតម្រេូលឲ្យលុបចោល នូវសន្ធិសញ្ញាទាំងឡាយ ចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០ ក្នុងសម័យវៀតណាម ត្រួតត្រារដ្ឋាភិបាលក្រុងភ្នំពេញ របស់លោក ហ៊ុន សែន។ សន្ធិសញ្ញាព្រំដែនទឹក ក៏ត្រូវបានលោក ហ៊ុន សែន ចុះហត្ថលេខា ជាមួយវៀតណាម ខែកក្កដា ឆ្នាំ១៩៨២ ដែលធ្វើឲ្យកម្ពុជា បាត់បង់សិទ្ធិកាន់កាប់ កោះត្រល់ មកទល់សព្វថ្ងៃ។ ករណីនេះ កម្ពុជា រក្សាសិទ្ធិទាមទារសម្បត្តិជាតិមកវិញ នៅពេលកម្ពុជា មានមេដឹកនាំល្អ ដែលស្រឡាញ់ជាតិ និងពលរដ្ឋ។
២. បញ្ហាទំនាស់ដីធ្លី  គឺជាធ្វើទុក្ខបុកម្មេញយ៉ាងព្រៃផ្សៃ ដល់ពលរដ្ឋខ្សត់ខ្សោយ ពីសំណាក់អ្នកមានអំណាច និងអ្នករកស៊ីខិលខូច។ ពលរដ្ឋរាប់សែននាក់ ត្រូវបានបណ្តេញចេញពីភូមិករ យ៉ាងអយុត្តិធម៌ ចាប់តាំងឆ្នាំ២០០៨ មក។
៣. ការបំផ្លាញព្រៃឈើ រ៉ែ ភ្នំ និងធម្មជាតិនានា ត្រូវបានបង្ហិនបង្ហោចយ៉ាងរង្គាល ពីសំណាក់សែស្រឡាយ និងមន្រ្តីគ្រាក់ៗ ដែលជិតស្និទ្ធ ក្នុងគ្រួសារនាយករដ្ឋមន្រ្តី ហ៊ុន សែន (របាយការណ៍អង្គការ Global Witness)។
៤. អំពើពុករលួយ ក្នុងជួរមន្រ្តីរដ្ឋាភិបាល គឺជាការបំផ្លាញដឹកនាំប្រព័ន្ធសង្គម និង ច្បាប់ ដែលធ្វើឲ្យពលរដ្ឋស្លូតត្រង់ អ្នកប្រឆាំង និង ជនស៊ីវិល ទទួលរងនូវរឿងអយុត្តិធម៌សព្វបែបយ៉ាង ពីសំណាក់ក្រុមមេដឹកនាំរដ្ឋាភិបាល ហ៊ុន សែន និង តុលាការរបស់ពួកគេ ជាដើម ។ល។

Phil Robertson ហៅការព្រមានរបស់ វង សូត ថា​ជា​សារ​ដ៏​ឃោរឃៅ និង ​មិន​ស្គាល់​សិទ្ធិ​មនុស្ស


វីដេអូ (Video):


ក្រសួង​សង្គមកិច្ច​ថ្កោលទោស​​ មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ក្រោយពេលមានការទាមទារឲ្យ វង សូត ចុះចេញពីតំណែង

ដោយ សេក បណ្ឌិត, RFA, 03-8-2017
ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ ប្រតិកម្ម និង​ថ្កោលទោស​ នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ីសេរី​ របស់​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson)។
ការ​ថ្កោលទោស​នេះ ដោយសារ​តែ​លោក ហ្វីល រ៉ូប៊ឺតសុន ស្នើ​ឲ្យ​លោក វង សូត {កូនប្រសារលោក ហេង សំរិន} រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច ចុះចេញពីតំណែង ​​ដោយសារលោក វង សូត បាន​ព្រមាន ​វាយ​ក្បាល​ អ្នក​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត «​នឹង​គល់​ឫស្សី»
សេចក្ដី​ប្រកាស​ព័ត៌មាន ​របស់​ក្រសួង ចេញ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី ០​៣ ខែ​សីហា ឆ្នាំ២០១៧ បាន​ច្រាន​ចោល​ទាំង​ស្រុង ​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​ លោក ហ្វីល រ៉ូប៊ឺសុន និង​ចាត់​ទុក​ថា ជា​ការ​ញុះញង់ បំភ្លៃ បំផ្លើស​ការពិត ព្រម​ទាំង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ បង្ក​អសន្តិសុខ អស្ថិរភាព​សង្គម ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ រដ្ឋ​អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា។
​ការ​អត្ថាធិប្បាយ​របស់​ លោក ហ្វីល រ៉ូប៊ឺតសុន បាន​ចាត់​ទុក​សារ ​របស់​រដ្ឋមន្រ្តី វង សូត នៃក្រសួងសង្គមកិច្ច ថា​ជា​សារ​ដ៏​ឃោរឃៅ និង ​មិន​បាន​ដឹង​អ្វី​ទាំង​អស់​អំពី​សិទ្ធិ​មនុស្ស

Thursday, August 3, 2017

ញឹក ប៊ុនឆៃ ត្រូវបានឃាត់ខ្លួន ក្រោមបទចោទ ករណីគ្រឿងញៀន ក្រោយបានទូរស័ព្ទទៅ អេង ឆៃអ៊ាង


ញឹក ប៊ុនឆៃ ត្រូវបានឃាត់ខ្លួន ក្រោមបទចោទ ករណីគ្រឿងញៀន! រឿងនេះកើតឡើងក្រោយពី លោក បានទូរស័ព្ទទៅ អេង ឆៃអ៊ាង កាលពីខែមិថុនា ២០១៧ 
អត្ថបទដោយ ម៉ម មុនីរតន៍, RFA, 03-8-2017
អតីត​ឧបនាយករដ្ឋមន្ត្រី ​កូតា​ខាង​គណបក្ស​រាជានិយម ​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន និង​កំពុង​សាកសួរ​ នៅ​ស្នងការ​ក្រុង​ភ្នំពេញ ពាក់ព័ន្ធ​បទ​ល្មើស​គ្រឿងញៀន នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។
អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ឲ្យដឹង​ថា លោក ញឹក ប៊ុនឆៃ អតីត​ឧប​នាយករដ្ឋមន្ត្រី​ កូតា​គណបក្ស​រាជានិយម​ ហ៊្វុនស៊ិនប៉ិច និង​ជា​ប្រធាន​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ហើយ នៅថ្ងៃទី ៣ សីហា ២០១៧ នេះ។ លោក​បន្ត​ថា មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ ត្រូវ​គេ​រក​ឃើញ​ថា លោក ញឹក ប៊ុនឆៃ មាន​ជាប់​ពាក់ព័ន្ធ​ការ​ផលិត​គ្រឿងញៀន នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ឆ្នាំ​២០០៧។ នៅ​ពេល​នេះ លោក ញឹក ប៊ុនឆៃ ត្រូវ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ​នៅ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ មុន​នឹង​បញ្ជូន​បន្ត​នីតិវិធី​ទៅ​តុលាការ។
លោក ខៀវ សុភ័គ បន្ត​ថា សមត្ថកិច្ច​​កំពុង​​បន្ត​​ស្រាវជ្រាវ​​អ្នក​​ពាក់ព័ន្ធ​​ដទៃ​ទៀត ប៉ុន្តែ​លោក​បដិសេធ​បង្ហាញ​អត្តសញ្ញាណ ដោយ​ទុក​ឲ្យ​សមត្ថកិច្ច​ចាត់ការ​រឿង​នេះ​បន្ត​ទៀត។
------------------------
#សម្គាល់ (ដោយ ម៉ែន ណាត)៖ ញឹក ប៊ុនឆាយ មានសភាពតានតឹងជាមួយ ហ៊ុន សែន ចាប់តាំងពីលោក បានទូរស័ព្ទទៅ អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រឆាំង ក្រោយការបោះឆ្នោតឃុំសង្កាត់ ក្នុងខែមិថុនា ២០១៧។ សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានចោទប្រកាន់ថា ញឹក ប៊ុនឆាយ ក្បត់បក្សកាន់អំណាច និង រដ្ឋាភិបាល ហ៊ុន សែន។ ចាប់តាំងពីពេលនោះមក ញឹក ប៊ុនឆាយ ត្រូវបានដកហូត តំណែងជាឧបនាយករដ្ឋមន្រ្តី ហើយមន្រ្តីជិតស្និទ្ធនឹង លោក ជាង ១០ នាក់ទៀត ក៏ត្រូវបានដកហូតតំណែង ពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលដែរ។

ហ៊ុន សែន កើតជំងឺតួឯក ព្រមានជាថ្មី រឿងស្រុកកើតចលាចល បើអវត្តមានរូបលោក


ហ៊ុន សែន គំរាម​ពី​ការ​ស្លាប់​ ខណៈ​បក្ស​ប្រឆាំង​ថា ​កម្ពុជា​ជា​របស់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល

ដោយ យាង សុជាមេត្តា, RFA, 03-8-2017
គណបក្ស​ប្រឆាំង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ឡើយ​ចំពោះ​សារ​គំរាម​របស់​លោក ហ៊ុន សែន ពី​ការ​ស្លាប់​របស់​លោក។ លោក ហ៊ុន សែន ថ្លែង​ជា​ថ្មី​ថា នៅ​ពេល​លោក​ស្លាប់​ភ្លាម គឺ​ក្រុម​យោធា​ដែល​បច្ចុប្បន្ន​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នឹង​ឡើង​គ្រប់គ្រង​សភាពការណ៍ ហើយ​ដែល​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ស្រុកទេស​មាន​ការ​ប្រែប្រួល។
ក្នុង​រយៈពេល​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ដើម​ខែ​សីហា នេះ លោក ហ៊ុន សែន បាន​ថ្លែង​សារ​ដល់​ទៅ​ពីរ​ដង ទស្សន៍ទាយ​ពី​សភាពការណ៍​ស្រុកទេស​ដែល​អាច​ប្រែប្រួល​នៅ​ពេល​គ្មាន​រូបលោក​ភ្លាម។
​ថ្លែង​នៅ​ចំពោះ​មុខ​កីឡាករ កីឡាការិនី ដែល​ទៅ​ជួប​លោក​នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​៣ ខែ​សីហា មុន​នឹង​ចាកចេញ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម (SEA Games) នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) លោក ហ៊ុន សែន ព្រមាន​ជាថ្មី​ពី​ការ​ស្លាប់​របស់​លោក។ សារ​សំដៅ​ទៅ​កាន់​បក្ស​ប្រឆាំង​ដែល​លោក ហ៊ុន សែន តែង​ចោទ​ថា បាន​យក​ការ​ស្លាប់​របស់​លោក​ដើម្បី​កេង​ចំណេញ​នយោបាយ​នោះ លោក ហ៊ុន សែន យល់​ថា ការ​ស្លាប់​របស់​លោក​គឺ​ជា​គ្រោះ​អាក្រក់​សម្រាប់​ប្រទេស​ជាតិ​ទៅ​វិញ​ទេ។
​លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង ៣០​ឆ្នាំ​នៅ​កម្ពុជា សង្កត់​ធ្ងន់​ថា ប្រសិនបើ​លោក​ស្លាប់​ភ្លាម នោះ​មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់​លោក រាប់​តាំង​ពី​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រហូត​ដល់​អនុ​រដ្ឋលេខាធិការ​ដែល​មាន​មុខងារ​នយោបាយ នឹង​ត្រូវ​រលាយ​ទៅ​តាម​លោក​ជា​ស្វ័យប្រវត្តិ​ភ្លាម​ដែរ។ ដូច្នេះ លោក​ថា គឺ​មាន​តែ​ក្រុម​យោធា និង​នគរបាល​ដែល​ឋិត​នៅ​ក្នុង​មុខងារ​សាធារណៈ​ទេ ដែល​ជា​អ្នក​គ្រប់គ្រង​សភាពការណ៍។
លោក ហ៊ុន សែន៖ «នៅ​ទី​នេះ​មាន​អគ្គបញ្ជាការ ប៉ុល សារឿន អគ្គ​នគរបាល​ជាតិ នេត សាវឿន អគ្គបញ្ជាការ​រង និង​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សៅ សុខា ប៉ុន្តែ​នៅ​មាន​បណ្ដា​អង្គភាព​ដទៃ​ទៀត​ដែល​ពេល​ហ្នឹង​ជួនកាល​មាន​ការ​ញុះញង់ គឺ​វាយ​គ្រឹប​តែម្ដង ខ្មោច​មិន​អាច​ងើប​មក​ត្រួតត្រា​សភាពការណ៍​ទេ ហើយ ទៀ បាញ់ ក៏​អស់​តំណែង ស ខេង ក៏​អស់​តំណែង តើ​ទៅ​ត្រួត​ពី​ណា​ទៀត? អ៊ីចឹង​រឿង​ហ្នឹង ពេល​ខ្លះ​ត្រូវ​យល់ កុំ​ចង់​ឲ្យ ហ៊ុន សែន ងាប់ ទុក ហ៊ុន សែន ដើម្បី​នឹង​គ្រប់គ្រង»

Wednesday, August 2, 2017

កម្ពុជា​ ជួបគ្រោះថ្នាក់​ទៅ​ថ្ងៃអនាគត​ ពី​ផែនការ ​ត្រីកោណ​អភិវឌ្ឍន៍​ ឥណ្ឌូចិន របស់វៀតណាម


កម្ពុជា​ ជួបគ្រោះថ្នាក់​ទៅ​ថ្ងៃអនាគត​ ពី​ផែនការ ​ត្រីកោណ​អភិវឌ្ឍន៍​ ឥណ្ឌូចិន របស់វៀតណាម
ដោយ តាំង សារ៉ាដា / 01-7-2012 - RFA

រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ក្ដី​សង្ឃឹម​ដ៏​មុតមាំ​របស់​ខ្លួន ក្នុង​ការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិសេស​រួម​គ្នា​ជាមួយ​ប្រទេស​វៀតណាម និង ឡាវ នោះ​ថា នាំ​មក​នូវ​ភាព​ចំរើន​រុងរឿង​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​តំបន់​ភូមិ​ភាគ​ឦសាន​របស់​ខ្លួន។

ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល​អំពី​បូរណភាព​ទឹក​ដី​បាន​សម្ដែង​ក្ដី​បារម្ភ​ថា ការ​បង្កើត​តំបន់​មុំ​បី ឬ​ហៅ​ថា CLV នេះ អាច​នាំ​ឲ្យ​កម្ពុជា បាត់​បង់​ធនធាន​ធម្មជាតិ និង​ទឹក​ដី​របស់​ខ្លួន​ដ៏​ធំធេង​ទៅ​ឲ្យ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​មុខ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ចុង​ខែ​ឧសភា បាន​សម្ដែង​មោទនភាព និង​មហិច្ឆតា​របស់​ខ្លួន​ថា ការ​បង្កើត​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ពិសេស រវាង​កម្ពុជា វៀតណាម ឡាវ។ លោក​ចាត់​ទុក​ថា គម្រោង​នេះ​ ជា​គន្លឹះ​មួយ​ដ៏​សំខាន់​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ​តាម​រយៈ​ការ​វិនិយោគ​ លើ​វិស័យ​ទេសចរណ៍ កសិ-​ឧស្សាហកម្ម រ៉ែ និង​ទំនប់​វារីអគ្គិសនី។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ កម្ពុជា​ បាន​យល់​ព្រម​ដាក់​បញ្ចូល​ ខេត្ត​របស់​ខ្លួន​ចំនួន ​៤ មាន​ ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ មណ្ឌលគិរី ដែល​មាន​ពលរដ្ឋ​ប្រហែល​ជាង ៥​ សែន​នាក់។ រី​ឯ​ប្រទេស​ឡាវ ក៏​បាន​ដាក់​បញ្ចូល​ទឹក​ដី​របស់​ខ្លួន​ចំនួន ៤ ​ខេត្ត​ដែរ ដូចជា​ខេត្ត អាតាពើរ (Ataper) ចំប៉ាសាក់ (Champasak) សារាវ៉ាន់ (Saravan) សេកុង (Sekong) ដែល​មាន​មនុស្ស​ប្រមាណ ៧​សែន​នាក់ ហើយ​វៀតណាម បាន​ដាក់​បញ្ចូល​ទឹក​ដី​របស់​ខ្លួន​ចំនួន ៥ គឺ​ខេត្ត​ចាឡាយ (Gia Lai) កនទុំ (Kon Tum) ដាក់ឡាក់ (Dac Lac) ដាណាង (Da Nang) ប៊ិញហ៊្វឺក (Binh Phuoc) ដែល​ខេត្ត​ទាំង​នេះ មាន​មនុស្ស​ជាង ៧​លាន​នាក់។

Tuesday, April 11, 2017

បែកធ្លាយ ហ៊ុន សែន ទិញ "Like" ហេ្វសប៊ុកជាង ១៣ ម៉ឺនដុល្លា និងជាង ៤៤ ម៉ឺនដុល្លាផ្សេងទៀត


បែកធ្លាយ ហ៊ុន សែន ទិញ "Like" ហេ្វសប៊ុកជាង ១៣ ម៉ឺនដុល្លា និងជាង ៤៤ ម៉ឺនដុល្លាផ្សេងទៀត!

(April 11, 2017, អត្ថបទដោយ ម៉ែន ណាត)
នៅលើបណ្តាញសង្គមហ្វេសប៊ុក ចែកផ្សាយតៗគ្នា នូវរូបថត អ្នកប្រើគណនីហ្វេសប៊ុក ហ៊ុន សែន និងឯកសារទឹកប្រាក់ចំណាយ ដ៏សន្ធឹកសន្ធាប់ ដើម្បីទិញ "Like" ហ្វេសប៊ុក នៅលើទំព័ររបស់ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន។

ឈ្មោះ ដួង តារា (Duong Dara) ជាមន្រ្តីជាន់ខ្ពស់ ឋានៈជាអនុរដ្ឋលេខាធិការ ដែលជាអ្នកជួយ កិច្ចការផ្សាយ នៅលើទំព័រហ្វេសប៊ុកលោក ហ៊ុន សែន (Samdech Hun Sen, Cambodian Prime Minister)។

ទឹកប្រាក់ចំណាយ ១ ខែ ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែមីនា ២០១៦ មាន ១៣៧.៧៧៨,៦៨ ដុល្លារអាមេរិក (ដប់បីម៉ឺនប្រាំពីរពាន់ប្រាំពីរចិតសិបប្រាំបី ក្បៀស ហុកសិបប្រាំបី)។ ទឹកប្រាក់ចំណាយ ពីថ្ងៃទី០៧ ខែធ្នូ ២០១៥ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ មាន ៤៤៦.៦៣៦,៣៩ ដុល្លារអាមេរិក (សែសិបបួនម៉ឺនប្រាំមួយពាន់ប្រាំមួយរកសាមសិបប្រាំមួយ ក្បៀស សាមសិបប្រាំបួន)។

ថ្មីៗនេះកាសែតភ្នំពេញប៉ុស្តិ៍ បានផ្សាយថា ចំនួនពលរដ្ឋខ្មែរ ដែលចុច «ចូលចិត្ត ឬ  Like» មិនដល់ ៥០% ក្នុងចំណោមអ្នកចុល Like ជាង ៧ លាននាក់។ ពោលគឺភាគច្រើនជាជនបរទេស ដែលមិនចេះ ភាសាខ្មែរសោះ ជាអ្នកចុច Like លើទំព័រហ្វេសប៊ុក ហ៊ុន សែន។

ខាងក្រោមនេះ មានរូបថត និងឯកសារភ្ជាប់បន្ថែម៖